កងទ័ពអ៊ីស្រាអែល​បន្ត​ចូល​ទៅ​ក្នុង​ហ្កាហ្សា ខណៈ​រុស្សី​​ជួប​តំណាង​ក្រុម​ហាម៉ាស​និង​អ៊ីរ៉ង់​នៅម៉ូស្គូ

បន្ទាប់​ពីបានចាប់ផ្តើមប្រតិបត្តិការ​​ ចូលទៅភាគខាងជើង​តំបន់​ហ្កាហ្សា កាលពីថ្ងៃព្រហស្បតិ៍ទី​២៦តុលា កងទ័ពអ៊ីស្រាអែលបានឲ្យដឹងថា គេបានបន្ត​សំរុកចូលជាថ្មីម្តងទៀត នៅវេលាទៀបភ្លឺថ្ងៃសុក្រ ទី​២៧តុលា។ ប្រតិបត្តិការថ្មីនេះ បានធ្វើនៅតំបន់​ភាគកណ្តាល នៃតំបន់​ហ្កាហ្សា ដោយ​កងទ័ពអ៊ីស្រាអែល បានប្រើប្រាស់​កម្លាំងរថក្រោះ ជាច្រើនគ្រឿង និងបានត្រូវបាន​ការពារពីលើអាកាស ដោយ​យន្តហោះចម្បាំង​ និងយានដ្រូនថែមទៀត។ ទន្ទឹមគ្នានេះ កងទ័ពអ៊ីស្រាអែល ក៏បានបាញ់​ប្លោងមីស៊ីលជាច្រើនគ្រាប់​ ទៅលើទីតាំងរបស់​ក្រុមហាម៉ាស នៅភាគកណ្តាល​ហ្កាហ្សាដែរ នៅវេលាយប់ថ្ងៃសុក្រ ទី​២៦តុលា។

លិខិតប្រកាសរបស់កងទ័ពអ៊ីស្រាអែល ដែលបានចេញផ្សាយ​នៅព្រឹកថ្ងៃសុក្រ បាន​ឲ្យ​ដឹងថា កងទ័ពអ៊ីស្រាអែល​បាន​ចេញពីតំបន់​ហ្កាហ្សាមក​វិញហើយ បន្ទាប់់ពីបានសម្រេចកម្មវត្ថុនៃបេសកកម្ម។ កម្មវត្ថុដែលគេសម្រេចបាន គឺបានកំទេចជើងទម្របាញ់គ្រាប់រ៉ូកែត របស់​ក្រុមហាម៉ាស ជាច្រើនកន្លែង កំទេច​ទីបញ្ជាការដ្ឋានរបស់ក្រុមហាម៉ាស ហើយបាន​សម្លាប់សមាជិក​ក្រុមហាម៉ាស​ជាច្រើននាក់ទៀត​។ លិខិតប្រកាសរបស់កងទ័ពអ៊ីស្រាអែលនេះ មិនបានបញ្ជាក់ទេ ថាខាងអ៊ីស្រាអែលមានរបួសឬស្លាប់​ប៉ុន្មាននាក់ នៅក្នុង​ប្រតិបត្តិការលុកចូល​ហ្កាហ្សានេះ​។គួរបញ្ជាក់ថា នេះគឺជាលើកទី២ហើយ ដែលកងទ័ពអ៊ីស្រាអ៊ែល សំរុកចូលទៅក្នុងតំបន់ហ្កាហ្សាដោយ​ផ្ទាល់។​ ប្រតិបត្តិការលើកទី​១បាន​ធ្វើកាលយប់ថ្ងៃពុធ ឈានចូលថ្ងៃ​ព្រហស្បតិ៍​ទី​២៦តុលា នៅភាគខាងជើងហ្កាហ្សា។ តាមការសង្កេត​ ប្រតិបត្តិការរបស់កងទ័ពអ៊ីស្រាអែល គឺប្រើ​ប្រាស់រថក្រោះ រថពាសដែកចូលទៅហ្កាហ្សា ដើម្បី “វាយប្រហារដោយចំពោះ” ទៅលើទីតាំងមុខសញ្ញាណាមួយរបស់ក្រុមហាម៉ាស ដែលគេបានកំណត់​គោលដៅទុក។ សម្រេចហើយ​ គេដកថយមកខាងអ៊ីស្រាអែលវិញ មុននឹងមានប្រតិបត្តិការថ្មី ចូលទៅ​ម្តងទៀត។ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល ធ្លាប់​បានសន្យាហើយថា​នឹងសម្លាប់​សមាជិក​ក្រុមហាម៉ាសម្តងមួយៗ រហូតទាល់តែអស់​។​

គួរបញ្ជាក់ដែរថា តាមរយៈរូបភាព​វីដេអូបង្ហាញពីប្រតិបត្តិការ​ចូលទៅហ្កាហ្សា ដែល​ខាងភាគីកងទ័ពអ៊ីស្រាអែលបានផ្សព្វផ្សាយ គឺភាគីអ៊ីស្រាអែលចង់បង្ហាញប្រាប់​មតិមហាជនទូទាំងពិភពលោក ថាកងទ័ពអ៊ីស្រាអែលមានការប្រុងប្រយ័ត្ន និងមានការទទួលខុសត្រូវ​​ខ្ពស់ណាស់​ មិនមែន​ចូលទៅវាយប្រហារ​ដោយ​ឥតរើសមុខនៅក្នុងតំបន់ហ្កាហ្សាទេ។ ពោលគឺគេទៅកម្ទេច តែទីតាំង​និងហេដ្ឋារចនាសម្ព័ន្ធ ​របស់​ក្រុមភេរវកម្ម​ហាម៉ាសតែប៉ុណ្ណោះ។

រុស្ស៊ីហៅ​តំណាងក្រុមហាម៉ាស និងអ៊ីរ៉ង់ ទៅប្រជុំនៅម៉ូស្គូ?

ស្របពេល​ដែល​អ៊ីស្រាអែលបើកប្រតិបត្តិការចូលក្នុងហ្កាហ្សា ដើម្បីកំទេចក្រុមហាម៉ាស នៅម៉ូស្គូឯណោះ រុស្ស៊ីបាន​ជួបជាមួយតំណាងក្រុមហាម៉ាស និង​តំណាងរដ្ឋាភិបាលអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ ទី​២៦តុលា។ លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បាន​បញ្ជាក់​ឲ្យដឹងថា តំណាងក្រុមហាម៉ាសប៉ាឡេស្ទីន តំណាងរដ្ឋាភិបាលអ៊ីរ៉ង់ ពិតជាមានវត្តមាននៅក្រុងម៉ូស្គូពិតមែន។ តែយ៉ាងណា មិនមាន​ការបញ្ជាក់​ឲ្យច្បាស់ ថាភាគីទាំង​៣ជួបប្រជុំគ្នា ក្នុងពេលតែមួយ ឬក៏ជាជំនួបដាច់ដោយឡែកពីគ្នានោះទេ។​​

ក្រោយដឹងដំណឹងនេះភ្លាម ក្រសួងការបរទេសអ៊ីស្រាអែល បានប្រតិកម្មយ៉ាងខ្លាំង ដោយ​បានបរិហារ​​បន្ទោសរុស្ស៊ី ថាមិនត្រូវទទួល​ជួប​ជាមួយ​ក្រុមភេរវកម្ម​ហាម៉ាសបែបនេះទេ។ លិខិតក្រសួងការបរទេស​អ៊ីស្រាអែល បានលើកឡើងថា ក្រុមហាម៉ាសជាក្រុមភេរវកម្មសាហាវព្រៃផ្សៃ សឹងតែជាង​ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាមទៅទៀត។ ក្រុមហាម៉ាសជាក្រុមដែលមានបាតដៃប្រឡាក់ឈាម។ កាលពីថ្ងៃទី​៧តុលា​ ជនស៊ីវីលចំនួន​ប្រមាណ​១៤០០ នៅក្នុងទឹកដីអ៊ីស្រាអែល ត្រូវបាន​ក្រុមហាម៉ាសសម្លាប់យ៉ាងសាហាវបំផុត ខ្លះត្រូវពួកវាបាញ់សម្លាប់ ខ្លះដុតទាំងរស់ និងបានចាប់ចំណាប់ខ្មាំងទាំងកុមារ ទាំងមនុស្សចាស់ជរា សរុបជាង​២២០នាក់ថែមទៀត។

ផ្អែកតាម​ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី ដែលស្រង់ប្រភពពីមន្ត្រីការទូត គឺគណៈប្រតិភូក្រុមហាម៉ាសទៅម៉ូស្គូ ដឹកនាំដោយមេក្រុមហាម៉ាសម្នាក់ ឈ្មោះ Moussa Abou Marzouk។ ផ្អែកតាមប្រភពនេះ ការជជែកគ្នារវាងរុស្ស៊ីនិងក្រុមហាម៉ាស គឺបានផ្តោតសំខាន់ ទៅលើ​បញ្ហា​ចំណាប់ខ្មាំង​ដែលកំពុងស្ថិតក្នុងដៃក្រុមហាម៉ាស។ បណ្តាញព័ត៌មានរុស្ស៊ី អះអាងថា​ភាគីរុស្ស៊ី បានទាមទារយ៉ាងទទូច ឲ្យក្រុមហាម៉ាស ត្រូវតែពិចារណា ដោះលែងចំណាប់​ខ្មាំង​ជាជនជាតិបរទេសទាំងអស់។ បន្ថែមពីនេះ ភាគីរុស្ស៊ីបាន​លើកឡើងអំពីការជម្លៀសជនជាតិរុស្ស៊ី និងជនបរទេសដែលជាប់​នៅក្នុងតំបន់ហ្កាហ្សា។

ដោយឡែក នៅព្រឹកថ្ងៃសុក្រទី​២៧តុលា បណ្តាញ​ព័ត៌មានរុស្ស៊ី​ Kommersant បាន​ចុះផ្សាយថា តំណាង ​ក្រុមហាម៉ាសម្នាក់​ ឈ្មោះ Abou Hamid ដែលមានវត្តមាននៅម៉ូស្គូ បាន​អះអាងប្រាប់ថា​ ក្រុមហាម៉ាសនឹងមិនអាច​ដោះលែង​ចំណាប់ខ្មាំងជាដាច់ខាត ដរាបណាគ្មាន​បទឈប់បាញ់ទេនោះ​។ តំណាងក្រុមហាម៉ាសរូបនេះ បន្ថែមថា ពួកគេត្រូវការពេលវេលា ដើម្បីប្រមូលព័ត៌មាន​និងកំណត់ទីតាំង ថាចំណាប់ខ្មាំងស្ថិតនៅត្រង់ទីតាំងណាខ្លះ។ ប្រភពដដែលនេះ បានអះអាងទៀតថា គិតត្រឹមពេលនេះ យ៉ាងហោច​មាន​ចំណាប់ខ្មាំង​ជិត៥០នាក់ហើយ ដែលបានស្លាប់​ដោយ​ការបាញ់​ប្លោងមីស៊ីល​របស់​អ៊ីស្រាអែល​។​

ប្រភពពី​ក្រសួងការបរទេសរុស្ស៊ីវិញ បានឲ្យដឹង​​ថា​ លោកអនុរដ្ឋមន្ត្រីក្រសួងការបរទេស​អ៊ីរ៉ង់ Ali Bagheri Kani ដែលមានវត្តមាននៅម៉ូស្គូ បានជួបប្រជុំជាមួយ​លោកអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Mikhail Bogdanov កាលពីថ្ងៃព្រហស្បតិ៍​។ អ្នកទាំង​២ បាននិយាយគ្នា អំពីភាពចាំបាច់នៅក្នុង​ការ​ឈានទៅបញ្ឈប់​ការផ្ទុះអាវុធនៅហ្កាហ្សា និងតំបន់​ជុំវិញ ហើយនិងការបញ្ជូនជំនួយ​មនុស្សធម៌ ទៅជួយប្រជាជនប៉ាឡេស្ទីន ឲ្យ​បានឆាប់ជាទីបំផុត​។ ភាគីទាំង២ សន្យា​ថានឹងបន្តសហការគ្នា​​ ប្រឹងប្រែង​ការពារស្ថិរភាពតំបន់​ដើមបូព៌ា។

លោក ចូ បៃដិន ផ្ញើសារទៅគំរាម​មេដឹកនាំអ៊ីរ៉ង់

គួរកត់សំគាល់ថា ស្ថិរភាពតំបន់ដើមបូព៌ា កំពុងតែស្ថិតក្នុងគ្រោះថ្នាក់ដ៏ធំ ដោយគេបារម្ភថាសង្គ្រាម​រវាងក្រុមហាម៉ាស និង​អ៊ីស្រាអែល អាចនឹងឆាបឆេះរាលដាលពាសពេញតំបន់តំបន់។ អ្វីដែល​គេបារម្ភបំផុត គឺការចូលលូកដៃ របស់អ៊ីរ៉ង់ នៅក្នុងសង្គ្រាមនេះ។ យ៉ាងណាមិញ ដើម្បីបង្ការកំញើញទៅលើអ៊ីរ៉ង់ ឲ្យ​ប្រុងប្រយ័ត្ន អាមេរិក​បានបន្ថែមកម្លាំងទៅក្បែរអ៊ីស្រាអែល។

នៅថ្ងៃសុក្រទី​២៧តុលា ក្រសួងការពារជាតិអាមេរិក បានឲ្យដឹងថា គេបាន​បើកប្រតិបត្តិការវាយប្រហារ ទៅលើទីតាំង​២កន្លែង ដែលក្រុមប្រដាប់អាវុធជាកូនចៅអ៊ីរ៉ង់ប្រើប្រាស់ ស្ថិតនៅភាគខាងកើត​ស៊ីរី​។ លោក Lloyd Austin បានឲ្យដឹង​ ការវាយប្រហាររបស់កងទ័ពអាមេរិកនេះ គឺជាការវាយប្រហារការពារខ្លួនដ៏ស្របច្បាប់ ឆ្លើយតបវាយបកទៅវិញ បន្ទាប់់ពីក្រុម​ប្រដាប់អាវុធកូនចៅអ៊ីរ៉ង់ បានវាយប្រហារជាច្រើនដង មកលើទី​តាំង​របស់កងទ័ពអាមេរិក ប្រចាំនៅស៊ីរីនិងនៅអ៊ីរ៉ាក់ គិតចាប់ពិថ្ងៃទី​១៧តុលាមក។

កាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី​២៦តុលា​ លោក John Kirby អ្នកនាំពាក្យ​សេតវិមានបាន​បញ្ជាក់​ឲ្យដឹងថា លោក ប្រធានាធិបតី ចូ បៃដិន បានផ្ញើសារ​ដោយផ្ទាល់ ទៅកាន់ប្រមុខដឹកនាំអ៊ីរ៉ង់ អាយ៉ាតូឡា អាលី ខាមឺណី ដោយ​បានក្រើនរំឭកឲ្យអ៊ីរ៉ង់ ត្រូវតែ​បញ្ឈប់​ការវាយប្រហារមក​លើកងទ័ពអាមេរិក ដែលប្រចាំនៅតំបន់ដើមបូព៌ា។ លោក ចូ បៃដិនបាន​គំរាម​ដោយត្រង់ៗថា អ៊ីរ៉ង់ត្រូវតែ​ស្ថិតនៅឲ្យឆ្ងាយ កុំ​ចង់មកលូកដៃ ពង្រីកសង្គ្រាម​រវាងក្រុមហាម៉ាស និងអ៊ីស្រាអែល ឲ្យរីករាលដាលធំ​ឲ្យសោះ។​

ជាការពិតណាស់ ប៉ុន្មានថ្ងៃចុងក្រោយនេះ ភាគី​អាមេរិកបានឲ្យដឹងថា ក្រុមប្រដាប់អាវុធកូនចៅអ៊ីរ៉ង់ជាច្រើនក្រុម បានបាញ់មីស៊ីល និង​បានបញ្ជាយានដ្រូន មក​វាយប្រហារមកលើទីតាំងរបស់កងទ័ពអាមេរិក ដែលប្រចាំការនៅ​ស៊ីរី និងនៅអ៊ីរ៉ាក់។ គិតត្រឹមថ្ងៃទី​២៧តុលា ការវាយប្រហាររបៀបនេះ មាន​​ចំនួន​ប្រមាណ១៦ដង នៅអ៊ីរ៉ាក់១២ដង នៅស៊ីរី​៤ដង។ តែភាគច្រើន​នៃការវាយប្រហារនេះ គឺ​មិនបានជោគជ័យទេ ដោយ​គ្រាន់តែបានបណ្តាលឲ្យបុគ្គលិកអាមេរិក​​ របួសស្រាល​​ជាង​២០នាក់។ យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក បានសង្កត់ធ្ងន់ថាការវាយបកវិញរបស់អាមេរិក ទៅលើក្រុមប្រដាប់អាវុធអ៊ីរ៉ង់ គឺវាស្ថិតនៅដាច់ដោយឡែក ពី​សង្គ្រាម​ដែលកំពុងកើតឡើងនៅហ្កាហ្សា ហើយ​គោលជំហរអាមេរិក ទាក់ទិននឹងសង្គ្រាមនេះ គឺនៅដដែលមិនប្រែប្រួលទេ៕-rfr-


Theme images by Radius Images. Powered by Blogger.