ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ មន្ត្រីនគរបាលណា ដែលផុងខ្លួនប្រើប្រាស់គ្រឿងញៀន នឹងត្រូវបញ្ចប់ពីក្របខណ្ឌមន្ត្រីនគរបាលជាតិ
ស្ទឹងត្រែង ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា “មន្ត្រីនគរបាលណា ដែលផុងខ្លួនប្រើប្រាស់គ្រឿងញៀន នឹងត្រូវបញ្ចប់ពីក្របខណ្ឌមន្ត្រីនគរបាលជាតិ”។ ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធផ្លូវបេតុង និងសមិទ្ធផលនានា និងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ១ ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសង្កត់ធ្ងន់ចំពោះសិស្សនគរបាលជ័យលាភីទាំងអស់ ថា រាជរដ្ឋាភិបាលនៅនីតិកាលទី៧ នេះ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន និងកំពុងអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសារធាតុញៀន នៅទូទាំងប្រទេស ហើយមន្ត្រីនគរបាលទាំងអស់ត្រូវផ្តល់ជាគំរូភាពមុនគេ និងត្រូវចាំថាក្ដីប្រាថ្នារបស់ខ្លួន ដែលសម្រេចបានមកដល់ថ្ងៃនេះ មកអង្គុយទីនេះ បានសិក្សានិងត្រៀមចេញបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន នឹងត្រូវរលាយសូន្យ ប្រសិនបើនគរបាលណាម្នាក់ ផុងខ្លួនប្រើប្រាស់គ្រឿងញៀន។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានបន្តទៀតថា ក្នុងឋានៈឯកឧត្តមជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមពិតជាមិនចង់លើកដៃចុះហត្ថលេខាបញ្ចប់ក្របខណ្ឌមន្រ្តីណាម្នាក់នោះឡើយ ព្រោះឯកឧត្តម ដឹងច្បាស់ណាស់ថា ម្នាក់ៗលំបាកណាស់ តស៊ូទម្រាំងកសាងជីវិតការងារបានប៉ុណ្ណេះ ប៉ុន្តែច្បាប់គ្មានការយោគយល់ឡើយ ហើយអ្វីដែលធ្វើនេះគឺដើម្បីជាតិយើងទាំងមូល។
ជាមួយនឹងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល នៅសាលានគរបាលជាតិភូមិភាគ១ នេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានផ្តាំផ្ញើដល់សិស្សនគរបាលជ័យលាភីទាំងអស់ ត្រូវចងចាំថា ការសិក្សាគ្មានទីបញ្ចប់ទេ។ ដូច្នេះហើយប្អូនៗត្រូវបន្តការសិក្សាពេញមួយជីវិត ទាំងការសិក្សានៅសាលាក្នុងប្រទេស ការសិក្សានៅសាលាក្រៅប្រទេស ក៏ដូចជាការសិក្សាដកស្រង់បទពិសោធពីកន្លែងការងារ ការធ្វើស្វ័យសិក្សា និងការសិក្សាអំពីសង្គមជាតិទាំងមូល ដើម្បីក្លាយខ្លួនជាមន្រ្តីនគរបាលល្អ មានគុណវុឌ្ឍិ បទពិសោធ សមត្ថភាព និងមានក្រមសីធម៌វិជ្ជាជីវៈ ក្នុងការបំពេញភារកិច្ចឱ្យបានល្អប្រសើរ។
ប្រសាសន៍ផ្តាំផ្ញើដដែល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ចំពោះសិស្សនគរបាលជ័យលាភីទាំងអស់ ពេលចេញទៅបំពេញបេសកកម្មបម្រើឱ្យអង្គភាព និងប្រជាពលរដ្ឋ ត្រូវធ្វើខ្លួនជានគរបាលល្អរបស់អង្គភាព និងប្រជាពលរដ្ឋ។ កុំធ្វើខ្លួនរហូតដល់ឱ្យប្រជាពលរដ្ឋខ្លាចញញើត ត្រូវធ្វើឱ្យប្រជាពលរដ្ឋស្រលាញ់ ហើយផ្តល់ការជឿទុកចិត្ត និងផ្ដល់កិច្ចសហការល្អ។ ត្រូវចាំថា ទោះបីយើងមានកម្លាំងប៉ុន្មាននាក់ក៏ដោយ ក៏មិនអាចរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់បានល្អដែរ ប្រសិនបើគ្មានការគាំទ្រ និងការចូលរួមពីប្រជាពលរដ្ឋនោះ៕
Post a Comment