ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញបំណងពង្រីកកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខជាមួយទីម័រខាងកើត
ភ្នំពេញ ៖ ក្នុងឱកាសទទួលជួបសម្ដែងការគួរសមជាមួយឯកឧត្តម អុីមេណេហ្ស៊ីលដូ គូប៉ា ឡូប៉េស ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំព្រះរាជាណាចក្រកកម្ពុជា នារសៀលទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញបំណងចង់ឱ្យភាគីទាំងពីរបង្កើតអនុស្សរណៈក្នុងវិស័យសន្តិសុខ និងមានការផ្លាស់ប្តូរបទពិសោធន៍រវាងនគរបាល ក្នុងគោលបំណងកសាងធនធាននគរបាល នៃប្រទេសទាំងពីរ។
ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានគូសបញ្ជាក់យ៉ាងដូច្នេះ បន្ទាប់ពីភាគីទាំងពីរបានពិភាក្សាគ្នាអំពីបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនមានអង្គការចាត់តាំង ដែលទាំង ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូតទីម័រខាងកើត បានបង្ហាញគោលជំហរដូចគ្នាថា ទាមទារចាំបាច់នូវកិច្ចការសហប្រតិបត្តិកាការខ្ពស់ដើម្បីប្រឆាំងបញ្ហានេះក្នុងតំបន់។ ភាគីទាំងពីរ ក៏សង្ឃឹមមុតមាំថាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះនឹងបន្តរីកចម្រើនដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ។
ក្នុងក្របខណ្ឌនយោបាយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានសម្ដែងនូវការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចក្រឡាហោម អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី និងបានថ្លែងអំណរគុណឯកឧត្តមឯកអគ្គរដ្ឋទូត ដែលតែងតែយកចិត្តទុកដាក់ដល់ការលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរ ព្រមទាំងដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងកម្ពុជា-ទីម័រខាងកើត។
ឯកឧត្តម អុីមេណេហ្ស៊ីលដូ គូប៉ា ឡូប៉េស ឯកអគ្គរដ្ឋទូតទីម័រខាងកើត ក៏បានសម្តែងនូវការអបអរសាទរចំពោះ ឯកឧត្តម អភិសន្តិបណ្ឌិត ដែលត្រូវបានព្រះមហាក្សត្រតែងតាំងជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជឿជាក់ថា ក្រោមការដឹកនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ក្រសួងមហាផ្ទៃកម្ពុជា នឹងបន្តរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាជន នៃប្រទេសកម្ពុជា។
ក្នុងក្របខណ្ឌអាស៊ានវិញ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានអបអរសាទរចំពោះប្រទេសទីម័រខាងកើត ដែលត្រូវបានថ្នាក់ដឹកនាំអាស៊ានឯកភាពជាគោលការណ៍ឱ្យប្រទេសទីម័រ ខាងកើតជាសមាជិក ទី១១ របស់អាស៊ាន កាលពីក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ ដែលស្ថិតក្នុងអាណត្តិជាប្រធានអាស៊ានរបស់កម្ពុជា ក្នុងឆ្នាំ២០២២ កន្លងមក៕
#សសុខា #SarSokha #កម្ពុជា #Cambodia
Post a Comment