ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងគណៈប្រតិភូ អញ្ជើញស្ដាប់បទបង្ហាញស្ដីពី «ប្រព័ន្ធនយោបាយស្វីស» និង «តួនាទីទីក្រុង» នៅសហព័ន្ធស្វីស

 សហព័ន្ធស្វីស ៖ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ត្រូវនឹងពេលរសៀលនៅប្រទេសកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងគណៈប្រតិភូ បានអញ្ជើញស្ដាប់បទបង្ហាញលើប្រធានបទចំនួន២ គឺ “ប្រព័ន្ធនយោបាយស្វីស” និង “តួនាទីទីក្រុង”។ បទបង្ហាញនេះបានធ្វើឡើងនៅសាលប្រជុំសណ្ឋាគារ Bern ទីក្រុង Bern នៃសហព័ន្ធស្វីស។










ប្រធានបទ «ប្រព័ន្ធនយោបាយស្វីស» ត្រូវបានលោកសាស្ត្រាចារ្យ Sean Muller នៃសាកលវិទ្យាល័យ Lausanne គូសបញ្ជាក់អំពីលទ្ធិប្រជាធិបតេយ្យ ការចូលរួម និងការពិគ្រោះយោបល់ដោយផ្ទាល់ រដ្ឋាភិបាលពហុភាគី ការគ្រប់គ្រងពិពិធកម្ម គោលការណ៍នៃការសម្របសម្រួល សហព័ន្ធនិងវិមជ្ឈការ អភិបាលកិច្ចពហុកម្រិត កិច្ចសហប្រតិបត្តិការខ្សែបណ្ដោយ និងខ្សែទទឹង។

ចំណែកប្រធានបទ «តួនាទីទីក្រុង» ត្រូវបានលោកបណ្ឌិត Turg Wichermann ដែលជាប្រធានសមាគមសម្ព័ន្ធទីក្រុង នៃរដ្ឋ Bern សហព័ន្ធស្វីស គូសបញ្ជាក់អំពីភារកិច្ចនិងមូលនិធិសម្រាប់ទីក្រុង ការចូលរួមជាមួយពលរដ្ឋ យន្តការនៃការត្រួតពិនិត្យ កិច្ចសហប្រតិបត្តិការ ទំនាក់ទំនងខ្សែបណ្ដោយ ខ្សែទទឹង និងតួនាទីរបស់សមាគមទីក្រុង។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងគណ:ប្រតិភូកម្ពុជា បានផ្លាស់ប្តូរយោបល់ និងពិភាក្សាយ៉ាងផុសផុលជាមួយលោកស្រ្តាចារ្យវាគ្មិនទាំងពីរ ដោយបានប្រៀបធៀបចំណុចស្រដៀងគ្នា និងចំណុចខុសគ្នា អំពីតួនាទី និងការទទួលខុសត្រូវរវាងទីក្រុងនៃប្រទេសទាំងពីរ លើការងារផ្តល់សេវាជូនប្រជាពលរដ្ឋ កិច្ចការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម បម្រើដល់ការអភិវឌ្ឍរីកចម្រើនសេដ្ឋកិច្ច-សង្គម។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំនៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.ប.ជ) និងថ្នាក់ដឹកនាំជាស្ត្រីនៃរដ្ឋបាលថ្នាក់ក្រោមជាតិ បំពេញទស្សនកិច្ចនៅសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។

ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណងដកស្រង់បទពិសោធបន្ថែមលើប្រព័ន្ធគ្រប់គ្រង និងការអនុវត្តល្អៗពីសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដើម្បីបន្តជំរុញដំណើរការកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ និងការលើកកម្ពស់អភិបាលកិច្ចមូលដ្ឋាននៅព្រះរាជាណាចក្រកម្ពុជា។

អាល្លឺម៉ង់ គឺជាប្រទេសរួមចំណែកយ៉ាងសកម្មក្នុងកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ រួមទាំងកំណែទម្រង់រដ្ឋបាលសាធារណៈ ចាប់តាំងពីឆ្នាំ២០០២។ ចំណែកស្វីសឯណោះវិញ ក៏បាននឹងកំពុងរួមចំណែកគាំទ្រដល់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រួមទាំងការពង្រឹងគណនេយ្យភាពសង្គម៕

Theme images by Radius Images. Powered by Blogger.