ពលរដ្ឋជិត៨ម៉ឺននាក់ទៀតបានចូលរួមស្វែងយល់ការផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព!




គិតចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ មន្រ្តីរដ្ឋបាលថ្នាក់ក្រោមជាតិទូទាំងប្រទេស បានបន្តចុះផ្សព្វផ្សាយពីគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពចំនួន១,៨១៣លើក ដោយមានប្រជាពលរដ្ឋចូលរួមស្វែងយល់ចំនួន ៧២,២៣៩នាក់។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឱ្យដឹងថា ការផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព បានផ្ដោតលើការការពារសុវត្ថិភាពសង្គម ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ លើកកម្ពស់អនាម័យ បរិស្ថាន សុខមាលភាពពលរដ្ឋ កាត់បន្ថយគ្រោះថ្នាក់បណ្តាលមកពីគ្រោះមហន្តរាយ និងជំងឺរាតត្បាតផ្សេងៗ ទប់ស្កាត់បទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងជំរុញឱ្យមានការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព មានលក្ខណៈសម្បត្តិចំនួន៧ ក្នុងន័យដូចបង្ហាញខាងលើ។ គោលនយោបាយនេះ ពីដំបូងឡើយជាយន្តការអនុវត្តត្រឹមតែក្របខ័ណ្ឌក្រសួងមហាផ្ទៃប៉ុណ្ណោះ។ នៅចុងនៅតិកាលទី៦ នៃរដ្ឋសភា សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បានសម្រេចដំឡើងទៅជាគោលនយោបាយជាតិដើម្បីជំរុញការអនុវត្តគ្រប់ក្រសួងស្ថាប័ន។

នៅនីតិកាលទី៧នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបន្តយកចិត្តទុកដាក់ជំរុញការអនុវត្តគោលនយោបាយនេះ រួមទាំងការផ្សព្វផ្សាយឱ្យប្រជាជនបានដឹង និងចូលរួមជាមួយអាជ្ញាផងដែរ។ ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានរំលឹកជារឿងៗទាំងក្នុងកិច្ចប្រជុំ និងវេទិកាអធិបតីនៃពិធីនានា ឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋប្រកៀកស្មាគ្នាអនុវត្តគោលនយោបាយនេះឱ្យបានជាប្រចាំ៕

សេង បូលីន
មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ
Theme images by Radius Images. Powered by Blogger.