ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យអង្គការ-សមាគម ប្រកៀកស្មាបម្រើផលប្រយោជន៍សង្គម និងមនុស្សជាតិ ជាមួយរាជរដ្ឋាភិបាល
ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានស្នើឱ្យចៀសវាងជាដាច់ខាតការពាក់ព័ន្ធ ឬគាំទ្រអំពើសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងអាវុធមហាប្រល័យ ព្រមទាំងបន្តចូលរួមដោយស្មោះត្រង់ជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ ការថែរក្សាការពារធនធានធម្មជាតិនិង បរិស្ថាន ការទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងបទល្មើសនេសាទ ដើម្បីពង្រឹងសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ប្រមុខក្រសួងមហាផ្ទៃ ក៏បានណែនាំអង្គការ និងសមាគម ចៀសចេញពីក្រុមជ្រុលនិយមដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ប្រឆាំងរដ្ឋធម្មនុញ្ញ និងជាវិទ្ធង្សនាលើរបបប្រជាធិបតេយ្យ សេរីពហុបក្ស ដែលនាំគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពជាតិ។
ជាថ្មីទៀត ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ដូចប្រទេសនានាដែរ រួមទាំងអាម៉េរិក និងអឺរ៉ុប អង្គការ សមាគម ត្រូវធ្វើសកម្មភាពស្របតាមច្បាប់ ក្នុងនោះសម្រាប់កម្ពុជា ច្បាប់បានតម្រូវឱ្យផ្ដល់របាយការណ៍សកម្មភាព របាយការណ៍ហិរញ្ញវត្ថុ និងលេខគណនីប្រតិបត្តិការ មកក្រសួងមានសមត្ថកិច្ច។
ពីចំណែកអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិវិញ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំបន្តបង្កលក្ខណៈងាយស្រួលឱ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលចុះបញ្ជីត្រឹមត្រូវស្របច្បាប់ ធ្វើសកម្មភាពដោយគ្មានការរារាំង និងដោយពុំចាំបាច់ជូនដំណឹងជាមុន លើកលែងតែក្នុងស្ថានភាពចាំបាច់ផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងលក្ខខណ្ឌតម្រូវផ្សេងទៀតកំណត់ដោយច្បាប់ជាធរមាន។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានណែនាំឱ្យរដ្ឋបាលរាជធានី ខេត្ត បន្តរៀបចំវេទិកាស្តីពីភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិល ក្នុងដែនសមត្ថកិច្ចខ្លួនឡើងវិញ ឱ្យបានហោចណាស់ ២ដង ក្នុងមួយឆ្នាំ ដោយលើកទី១ អាចរៀបចំតាមប្រព័ន្ធហ៊្សូម។
ប្រមុខក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ទៀតថា រដ្ឋបាលរាជធានី ខេត្ត ត្រូវចាត់វិធានការបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន ដែលបោកប្រាស់ អូសទាញប្រជាពលរដ្ឋ តាមរយៈការចូលជាសមាជិក និងការតម្រូវឱ្យបង់ប្រាក់ចូលមូលនិធិ ដើម្បីយកទៅបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន និងត្រូវយកចិត្តទុកដាក់តាមដាន និងចាត់វិធានការភ្លាមចំពោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលចូលរួមជាមួយក្រុមជ្រុលនិយម រៀបចំផែនការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
សូមបញ្ជាក់ថា វេទិកាលើកទី៦ ស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល បានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល ដោយមានតំណាងក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ អង្គទូត តំណាងអង្គការជាតិ អន្តរជាតិ និងសមាគមនានា ចូលរួមប្រមាណ ៥២០នាក់។ អង្គវេទិកា បានស្ដាប់ការធ្វើបទបង្ហាញពីវាគ្មិនតាមវិស័យជំនាញ ព្រមទាំងបានពិភាក្សា ពិគ្រោះយោបល់ ចែករំលែកបទពិសោធ បញ្ហាប្រឈម លើកដំណោះស្រាយ និងសំណូមពរមួយចំនួន ក្នុងន័យដើម្បីពង្រឹងភាពជាដៃគូរវាងរាជរដ្ឋាភិបាល អាជ្ញាធរជាមួយនឹងអង្គការ សមាគម៕
Post a Comment