អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត



នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត តំណាងឯកឧត្តមប្រធានសាលាដំបូងខេត្ត តំណាងឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង តំណាងទីស្នាក់ការត្រួតពិនិត្យច្រកទ្វាអន្តរជាតិបាវិត និងព្រៃវល្លិ៍ លោក លោកស្រី មេធាវីប្រចាំរដ្ឋបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។


ឯកឧត្តមអភិបាលខេត្ត បានដាក់ចេញនៅទិសដៅសំខាន់ៗមួយចំនួន ដូចខាងក្រោម៖
១. អាជ្ញាធរពាក់ព័ន្ធត្រូវពិនិត្យតាមដានការបង្ករបង្កើនផលស្រូវរដូវប្រាំងរបស់ប្រជាកសិករពិសេសបញ្ហាប្រភពទឹកក្នុងការស្រោចស្រពស្រូវ។

២. អាជ្ញាធរពាក់ព័ន្ធត្រូវពិនិត្យ និងរុះរើរាល់ផ្ទាំងប៉ាណូផ្សព្វផ្សាយល្បែង និងគ្រឿងស្រវឹងគ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋានរបស់ខ្លួន។

៣. អាជ្ញាធរក្រុង ស្រុក មន្ទីរអង្គភាពទាំងអស់ត្រូវយកចិត្តទុកដាក់លើបញ្ហាអម័យបរិស្ថាន ជាពិសេសស្រុក ក្រុង ដែលនៅជាប់បណ្តោយផ្លូវជាតតិលេខ១ ត្រូវពិនិត្យ និងសម្អាតអោយបានស្អាត ពិសេសបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទៅលើការទុកដាក់សម្រាមឱ្យបានត្រឹមត្រូវ។

៤. ក្រុមហ៊ុនប្រមួលដឹកនិងដាក់ជញ្ជូនសម្រាមត្រូវមានការយកចិត្តទុកដាក់លើការប្រមូលអោយបានស្អាត ជាពិសេសសម្រាមដែលដឹកយកទៅចោល ត្រូវចាក់ចូលទៅក្នុងរណ្តៅអោយបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។

៥. អាជ្ញាធរក្រុង-ស្រុក និងកងកម្លាំងគ្រប់មូលដ្ឋានទាំងអស់បន្តយកចិត្តទុកដាក់លើការបង្ក្រាបក្មេងទំនើងដែលបង្ករការអុកឡុកប៉ះពាល់ដល់សណ្តាប់ធ្នាប់និងរបៀបរៀបរយក្នុងសង្គមមិនត្រូវលើកលែងឡើយ។

៦. អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឲ្យបានម៉ឺងម៉ាត់។

៧. បន្តការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ។

ជាចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តមអភិបាលខេត្ត បានអនុញ្ញាតឱ្យមានការលើកឡើងនូវបញ្ហាប្រឈមផ្សេងៗ និងចំណុចវិជ្ចមានមួយចំនួនទៅលើការអនុវត្តការងាររបស់មន្ទីរអង្គភាពនានាដែលពាក់ព័ន្ធផងដែរ៕
https://www.facebook.com/share/p/1B9G19sfgN/

Theme images by Radius Images. Powered by Blogger.