ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំការងារគន្លឹះដើម្បីដោះស្រាយបញ្ហាចរាចរណ៍ឆ្នាំ២០២៥
ក្នុងកិច្ចប្រជុំដែលមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្នាក់ដឹកនាំជាន់ខ្ពស់នៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ អភិបាលរាជធានី ខេត្ត និងស្នងការនគរបាលរាជធានី ខេត្ត មេបញ្ជាការកងរាជអាវុធហត្ថរាជធានី ខេត្ត ឯកឧត្តមអភិសន្ដិបណ្ឌិត បានថ្លែងអំពីភាពចាំបាច់នៃការដោះស្រាយជាអាទិភាពលើមូលហេតុដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ចម្បង។
បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ការពង្រឹងការអនុវត្តច្បាប់នៅពេលយប់ និងការបើកបរលើសល្បឿនកំណត់ គឺត្រូវតែយកចិត្តទុកដាក់រឹតបន្តឹងឱ្យមែនទែនបំផុត ពីព្រោះវាជាកត្តានាំឱ្យមានគ្រោះថ្នាក់ច្រើន។ បន្ថែមលើនេះ គឺការកំណត់ពេល មិនឱ្យរថយន្តធំៗចរាចរណ៍ក្នុងឱកាសបុណ្យជាតិធំៗ ដូចជា៖ ចូលឆ្នាំ និងភ្ជុំបិណ្ឌ ជាដើម។ ជាថ្មីម្ដងទៀត ឯកឧត្តមអភិសន្ដិបណ្ឌិត បានណែនាំឱ្យអនុវត្តដោយផាកពិន័យតឹងរឹងបំផុតលើក្រុមរថយន្តកែច្នៃស៊ីផ្លេ ដាក់វាំងនន លេងភ្លើង បិទស្គុតខ្មៅ ដោយពុំបាច់អប់រំទៀតទេ អនុវត្តផាកពិន័យតាមច្បាប់តែម្ដង។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤ សមត្ថកិច្ច បានរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដោយពិន័យយានយន្តល្មើសសរុបបានចំនួន ១១៦ ៣០៨គ្រឿង ក្នុងនោះទោចក្រយានយន្ត ត្រីចក្រយាយន្ត មាន ៨១ ៩២៨គ្រឿង រថយន្តមាន ៣៤ ៣២១គ្រឿង។ ដោយឡែកគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២៤ សរុបមាន ២ ៨៤៤លើក ក្នុងនោះកើតឡើងពេលយប់មាន ៥៧% បណ្ដាលឱ្យស្លាប់ ១ ៥០៩នាក់ របួស ៣ ៧២០នាក់ ក្នុងចំណោមអ្នករងរបួសមានធ្ងន់ ២ ២៧៣នាក់។
បើតាមរបាយការណ៍ មូលហេតុដែលនាំឱ្យមានគ្រោះថ្នាក់គឺការបើកបរលើសល្បឿនកំណត់ បើកបរមិនគោរពសិទ្ធិ បើកបរមិនប្រកាន់ស្ដាំ បើកបរប្រជែងគ្រោះថ្នាក់ បត់គ្រោះថ្នាក់ ស្រវឹង កត្តាយានយន្ត កត្តាស្លាកសញ្ញា ងងុយពេលបើកបរ កត្តាផ្លូវ និងកត្ដាអាកាសធាតុ។ គួរកត់សម្គាល់ថា ក្នុងចំណោមអ្នកស្លាប់ជាអ្នកជិះម៉ូតូ មាន ៨០% នៃអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ គឺមាន ៦៧% ហើយ ដែលមិនពាក់មួកការពារសុវត្ថិភាព៕
Post a Comment