ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី «បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ»

 



(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ  ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំសិក្ខាសាលាត្រីភាគីស្តីពី «បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ» ក្រោមអធិបតីភាព លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋមន្រ្តីស្តីទីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ សិក្ខាសាលានេះ ក៏មានវត្តមានចូលរួមពីមន្រ្តីរាជការនៃក្រសួងការងារ, អង្គការអន្តរជាតិខាងការងា(ILO), តំណាងសហជីព, សមាគមនិយោជក,
សភាពាណិជ្ជកម្មអន្តរជាតិ, និងតំណាងអ្នកបញ្ជាទិញ ម្ចាស់ម៉ាកផងដែរ។

ថ្លែងនៅក្នុងអង្គសិក្ខាសាលាត្រីភាគី លោកជំទាវរដ្ឋមន្រ្តីស្តីទី បានគូសបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំសិក្ខាសាលាត្រីភាគីនេះឡើងក្នុងគោលបំណង ដើម្បីបន្តពិគ្រោះយោបល់តាមរយៈកិច្ចសន្ទនាសង្គមក្នុងយន្តការត្រីភាគី សំដៅសម្រេចឱ្យបាននូវប្រកាសពាក់ព័ន្ធនឹងនីតិវិធីនៃការដោះស្រាយវិវាទបុគ្គល និងវិវាទការងាររួម ដែលមានលក្ខណៈពេញលេញ និងគ្រប់ជ្រុងជ្រោយ ដើម្បីធានាសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ។

លោកជំទាវរដ្ឋមន្រ្តីស្តីទីមានប្រសាសន៍បន្ថែមថា ដើម្បីធានានូវនិរន្តរភាព លើយន្តការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកិច្ចពិគ្រោះយោបល់ជាបន្តបន្ទាប់ជាមួយអន្តរក្រសួង ដៃគូសង្គម និងភាគីពាក់ព័ន្ធ រួមទាំងក្រុមប្រឹក្សាអាជ្ញាកណ្តាល  មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងអង្គការអន្តរជាតិខាងការងារ (ILO) ជាច្រើនលើកផងដែរ។

លោកជំទាវរដ្ឋមន្រ្តីស្តីទី ថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណផងដែរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីផ្សះផ្សាវិវាទនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងមន្ត្រីផ្សះផ្សាវិវាទនៅតាមបណ្តាមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី ខេត្ត, ក្រុមប្រឹក្សាអាជ្ញាកណ្តាល ក៏ដូចជាភាគីពាក់ព័ន្ធនៃវិវាទ ដែលបានចូលរួមយ៉ាងសកម្មក្នុងតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ ដែលស្តែងឱ្យចេញនូវលទ្ធផលដ៏ល្អប្រសើរក្នុងការដោះស្រាយវិវាទការងារ ដែលធានាបាននូវភាពភាពសុខសាន្តក្នុងវិស័យការងារ នាពេលកន្លងមក។

មុននឹងបញ្ចប់ លោកជំទាវរដ្ឋមន្ត្រីស្តីទី បានស្នើសុំជាថ្មីម្តងទៀត ឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមសហការគ្នា ដោយផ្អែកលើមូលដ្ឋានគតិយុត្តជាធរមាន ក្នុងស្មារតីការពារផលប្រយោជន៍រួមសំដៅធានាបានសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ដែលនេះត្រូវបានទទួលស្គាល់ថាជាកត្តាស្នូលក្នុងការទាក់ទាញវិនិយោគិន។

ទន្ទឹមនឹងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមស្វាគមន៍រាល់កិច្ចសហប្រតិបត្តិការជាមួយគ្រប់ដៃគូពាក់ព័ន្ធ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង មតិយោបល់ និងស្វែងរកដំណោះស្រាយទាន់ពេលវេលា និងមានប្រសិទ្ធភាពសម្រាប់បញ្ហាទាំងឡាយ ស្របតាមតួនាទីភារកិច្ចរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសូមស្វាគមន៍រាល់សកម្មភាពរួបរួមគ្នា ដើម្បីជាប្រយោជន៍ជូនដល់កម្មករនិយោជិត និងសង្គមទាំងមូល៕

https://t.me/kpostnews

#MLVT #HENGSour






Theme images by Radius Images. Powered by Blogger.