វិនិយោគិនជាតិ​ និងអន្តរជាតិ​ បាននិងកំពុងទទួលផលប្រយោជន៍ពីបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ ប្រកបដោយសុវត្ថិភាព និង​និរន្តរភាពនៃធុរកិច្ច នៅកម្ពុជា



សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីបើក «កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ ២០២៥» នាព្រឹកថ្ងៃទី ៦ ខែ មីនា ឆ្នាំ ២០២៥ ថា វិនិយោគិនជាតិ​ និង​​ អន្តរជាតិ​​ បាននិងកំពុងទទួលផលប្រយោជន៍ពីបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ ប្រកបដោយសុវត្ថិភាព និងនិរន្តរភាពនៃធុរកិច្ច នៅកម្ពុជា ។ កម្ពុជា ត្រូវបានទទួលស្គាល់ថាជាគោលដៅកំពូល សម្រាប់ការវិនិយោគផ្ទាល់ពីបរទេស (FDI) និងជាច្រកទ្វារទៅកាន់តំបន់អាស៊ាន។​ ជាក់ស្តែង​, ក្នុងឆ្នាំ ២០២៤, កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ៤១៤ គម្រោង ជាមួយនឹងទំហំទឹកប្រាក់ប្រមាណជិត​​ ៧ ពាន់លានដុល្លារអាមេរិក ដែលបានកើនឡើង ៤០% បើធៀបនឹងឆ្នាំ ២០២៣ ។

ក្នុងឱកាសនោះដែរ សម្ដេចបវរធិបតី បានមានប្រសាសន៍ថា កម្ពុជា បាន និងកំពុងវិនិយោគជាយុទ្ធសាស្រ្តលើបណ្តាញហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ​ និងប្រទាក់ក្រឡា,  ដែលរួមបញ្ចូលទាំង ផ្លូវល្បឿនលឿន, កំពង់ផែទឹកជ្រៅ, អាកាសយានដ្ឋានអន្តរជាតិ, និងមជ្ឈមណ្ឌលភស្តុភារកម្ម ។ បន្ថែមលើនេះ កម្ពុជា បាន និងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីរុះរើ និងកាត់បន្ថយរបាំងពាណិជ្ជកម្ម, សម្រួលនីតិវិធីគយ, សម្រួលនីតិវិធីចុះបញ្ជីអាជីវកម្ម, និងបង្កើតបរិយាកាសគតិយុត្ត ប្រកបដោយភាពច្បាស់លាស់ និងតម្លាភាព ។ កម្ពុជា បានផ្តល់តម្លៃខ្ពស់ ចំពោះថាមពលនៃភាពជាដៃគូរវាងរដ្ឋាភិបាល និងវិនិយោគិនជាតិ​ និងអន្តរជាតិ ដោយបានផ្តល់អាទិភាពដល់កិច្ចសន្ទនាបើកចំហ និងការជំរុញបរិយាកាសឆ្លើយតប ប្រកបដោយជវភាព ដោយរៀបចំជាទៀងទាត់នូវ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីដោះស្រាយបញ្ហា និងកង្វល់ចម្បងៗ របស់វិស័យឯកជន។

មុននឹងបញ្ចប់ សម្ដេចបវរធិបតី បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល បាន និងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីកាត់បន្ថយបន្ទុករបស់វិស័យឯកជន ដោយបានដាក់ចេញនូវវិធានការកែទម្រង់ និងផ្តល់ជូននូវ​អត្ថប្រយោជន៍​ជា​ច្រើន​ ដោយក្នុងនោះរាជរដ្ឋាភិបាល បានបង្កើតក្រុមការងារអន្តរក្រសួង ដែលមានសមាជិកមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធជាង ៣០ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគនៅ កម្ពុជា, ការកែទម្រង់របស់រាជរដ្ឋាភិបាល ដែលគាំទ្រដល់ធុរកិច្ច ផ្តល់ជូននូវការលើកទឹកចិត្តដ៏គួរឱ្យទាក់ទាញ ដោយផ្អែកលើច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដោយរួមបញ្ចូលទាំងការអនុគ្រោះពន្ធរហូតដល់ ១៥ ឆ្នាំ សម្រាប់វិស័យអាទិភាព ។ រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ និងបណ្តាខេត្តនៅភូមិភាគឦសាន ដោយផ្តល់ជូននូវការលើកទឹកចិត្តពិសេសលើសពីច្បាប់ស្តីពីវិនិយោគ ។ បន្ថែមពីនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដ៏ទូលំទូលាយ ដល់យុវជនចំនួន ១,៥ លាននាក់ ដើម្បីបំពេញតម្រូវការរបស់វិស័យឯកជន ព្រមទាំងបាន និងកំពុងផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីឌីជីថលដ៏រឹងមាំផងដែរ ។



#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Theme images by Radius Images. Powered by Blogger.